(កំពង់ធំ)÷ អភិបាលស្រុកស្ទោង លើកទឹកចិត្តបងប្អូនពលករត្រូវធ្វើការងារនៅក្នុងស្រុក ជាជាងក្រៅស្រុកដើម្បីនិរន្តរភាពការងារប្រាក់ចំណូល និងអត្ថប្រយោជន៍បន្ថែមជាច្រើនទៀត។ លោក សាយ គឹមឡម បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោកព្រមទាំងការិយាល័យមេធាវីណារ៉ា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនិងចែកអំណោយជូនដល់បងប្អូនពលករ និងជនភៀសសឹក ដែលបានទើបធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ ពីសង្គ្រាមឈ្លានពានរបស់សៀមពីព្រំដែនខ្មែរថៃ នៅក្នុងឃុំបន្ទាយស្ទោង ឃុំរុងរឿង និងឃុំព្រះដំរី ពីររសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២៥។

ទន្ទឹមនឹងនេះ លោកបានណែនាំដល់អាជ្ញាធរភូមិ/ឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខសុខមាលភាពបងប្អូនដែលបានមកដល់មូលដ្ឋាន ជាពិសេសត្រូវធ្វើរបាយការណ៍ឱ្យបានជាប្រចាំជូនដល់អាជ្ញាធរស្រុក ដើម្បីមានលទ្ធភាពសួរសុខទុក្ខឬផ្គត់ផ្គង់ទ្រទ្រង់ជីវភាពពួកគាត់ឱ្យបានល្អប្រសើរនៅក្នុងស្ថានភាពដែលប្រទេសកំពុងរងការឈ្លានពានសង្គ្រាមពីប្រទេសៀមដូចពេលបច្ចុប្បន្ននេះ។

ជាចុងបញ្ចប់លោកអភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ការិយាល័យមេធាវីណារ៉ាខេត្តកំពង់ធំ និងសហការីដែលបានសហការឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគ និងថវិកាសម្រាប់ចែកជូនដល់បងប្អូនប្រជាពលករ និងជនភៀសឹកនៅក្នុងឱកាសនេះដែលជាកាយវិការគួរឱ្យស្ញើចសរសើរបំផុត ក្នុងការរួបរួមសហការជាមួយអាជ្ញាធរស្រុកស្ទោង និងលើកកម្ពស់ស្មារតីជាតិនិយមកាន់តែពុះកញ្ជ្រោលឡើងថែមទៀត ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ចៅសៀម។

សូមបញ្ជាក់ថា នៅក្នុងពិធីចែកអំណោយនេះមានជនភៀសសឹក និងពលករចំនួន១០០នាក់ ដែលក្នុងនោះពួកគាត់ទទួលបាននូវគ្រឿងឧបភោគបរិភោគមួយចំនួននិងថវិកា១ម៉ឺនរៀលក្នុង១នាក់។ psctvtrue