ក្រុងស្ទឹងសែន: ក្រោមដំបូលផ្ទះស័ង្កសីតូចចង្អៀតមួយ ជាប់នឹងទ្រុងមាន់ នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បុរសវ័យ៦៩ឆ្នាំម្នាក់ កំពុងរស់នៅក្នុងស្ថានភាពគួរឱ្យអាណិតបំផុត។ គ្មានគ្រែដេក មានតែអង្រឹងរហែក និងសម្លៀកបំពាក់ចាស់ៗ ខណៈជំងឺប្រចាំកាយ ការខ្វះស្បៀង និងភាពឯកោកំពុងធ្វើឱ្យជីវិតរបស់គាត់ កាន់តែពិបាកពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលនេះ អាជ្ញាធរមូលដ្ឋាន កំពុងអំពាវនាវដល់សប្បុរសជនមេត្តាជួយសង្គ្រោះជីវភាពដ៏លំបាកនេះផង។
ប្រជាពលរដ្ឋឈ្មោះ នៅ អ៊ួក ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្នកំពុងជួបការលំបាកខ្លាំងទាំងផ្នែកជីវភាព និងសុខភាព។ បុរសចាស់ជរារូបនេះ រស់នៅតែម្នាក់ឯង ក្នុងផ្ទះតូចសង់ពីស័ង្កសីមួយខ្នង ដែលមើលទៅតោកយ៉ាក និងខ្វះខាតស្ទើរគ្រប់យ៉ាង។
លោកស្រី ស្វាន់ វឿន អាជ្ញាធរភូមិ បានឱ្យដឹងថា កន្លងមក លោកពូ នៅ អ៊ួក ធ្លាប់ប្រកបមុខរបរស៊ីឈ្នួលរែកដី ដើម្បីចិញ្ចឹមជីវិត។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារធ្លាក់ខ្លួនឈឺ និងមានជំងឺប្រចាំកាយ ធ្វើឱ្យគាត់បាត់បង់សមត្ថភាពការងារ គ្មានចំណូល និងរស់នៅដោយគ្មានទីពឹង។ ចំណែកកូនៗរបស់គាត់ ក៏មានជីវភាពក្រីក្រដូចគ្នា មិនអាចជួយផ្គត់ផ្គង់បានគ្រប់គ្រាន់ឡើយ។
អាជ្ញាធរមូលដ្ឋានបានខិតខំជួយសម្រួលតាមលទ្ធភាព ដោយរៀបចំឱ្យលោកពូទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែជាង៩ម៉ឺនរៀល និងអាចទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមិនអស់ថ្លៃ តាមរយៈប្រើ ប័ណ្ណសមធម៌។ មិនតែប៉ុណ្ណោះ អាជ្ញាធរ និងអ្នកជិតខាង ក៏ធ្លាប់ផ្តល់ស្បៀងអាហារ និងអំណោយមួយចំនួនជាបន្តបន្ទាប់ផងដែរ។
ប៉ុន្តែទោះបីមានការជួយខ្លះៗក្តី ជីវភាពរបស់លោកពូ នៅ អ៊ួក នៅតែស្ថិតក្នុងសភាពលំបាកខ្លាំង។ ផ្ទះតូចចង្អៀតរបស់គាត់រស់នៅលើដី សុំគេជ្រកកោន គ្មានសម្ភារៈប្រើប្រាស់សមរម្យ គ្មានគ្រែដេក មានតែអង្រឹងចាស់រហែកមួយ ខណៈស្បៀងអាហារក៏ដាច់ខាតជាញឹកញាប់។ រាល់ថ្ងៃ គាត់ពឹងផ្អែកលើកូនៗ និងអ្នកជិតខាង ដែលជួយចែករំលែកបាយទឹកតាមការអាណិតអាសូរ។
ក្នុងសម្លេងខ្សោយៗ លោកពូ នៅ អ៊ួក បានរៀបរាប់ថា គាត់ធ្លាប់ជាទាហាននៅខេត្តកំពង់ធំ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០។ ទោះយ៉ាងណា ការរៀបរាប់របស់គាត់ហាក់មិនសូវច្បាស់លាស់ ដោយសារបច្ចុប្បន្នគាត់មានបញ្ហាសរសៃប្រសាទ និងអាការវង្វេងភ្លេចភ្លាំង។ កូនៗ និងអ្នកជិតខាង ក៏បានអះអាងដូចគ្នាថា គាត់មានជំងឺផ្លូវចិត្ត និងចងចាំមិនសូវបាន។
ជុំវិញព័ត៌មានថាលោកពូធ្លាប់ជាកងទ័ពនេះ លោកស្រី ស្វាន់ វឿន មេភូមិស្លាកែត បានបញ្ជាក់ថា ទោះបីក្រុមគ្រួសារ និងអ្នកជិតខាងអះអាងបែបនេះក្តី ប៉ុន្តែមិនទាន់មានឯកសារផ្លូវការណាមួយសម្រាប់បញ្ជាក់នៅឡើយទេ។
ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋាន សូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលមានចិត្តសប្បុរស មេត្តាចូលរួមជួយឧបត្ថម្ភដល់លោកពូ នៅ អ៊ួក តាមលទ្ធភាព មិនថាជាស្បៀងអាហារ សម្លៀកបំពាក់ ថវិកា ឬសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃនោះទេ ដើម្បីជួយសម្រាលការលំបាក និងផ្តល់ក្តីសង្ឃឹមដល់បុរសចាស់ជរារូបនេះ ឱ្យអាចបន្តរស់នៅបានដោយមានភាពកក់ក្តៅជាងមុន។ ទំនាក់ទំនងឧបត្ថម្ភ លេខទូរសព្ទមេភូមិម០៩២ ៦៧៨២ ២៨,ចាងហ្វាង ០៦៦៣២៣៤៧៤ អត្ថបទដោយ: ( ប៉ុញ ចាន់ថន)






