
ព្រះវិហារ៖ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាដែលកំពុងកើតមានក្នុងតំបន់ព្រំដែន លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងស្រាវជ្រាវនៅតំបន់ជិតជុំវិញទឹកធ្លាក់ព្រះនិមិត្ត ព្រំដែនកម្ពុជា-ឡាវ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រោយទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ អំពីសកម្មភាពគួរឲ្យសង្ស័យនៅក្នុងមូលដ្ឋាន។
ប្រតិបត្តិការនេះ បានអនុវត្តឡើងតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងគោលបំណងពង្រឹងការត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស Scam Online ឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសនៅតាមតំបន់ព្រំដែន និងទីតាំងដែលអាចជាកន្លែងលាក់ខ្លួនរបស់ក្រុមឧក្រិដ្ឋជនអនឡាញ។
ការចុះប្រតិបត្តិការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆែប លើកនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋាន ក្នុងការការពារសុវត្ថិភាពសង្គម និងទប់ស្កាត់រាល់សកម្មភាពខុសច្បាប់ ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ កិត្តិយសប្រទេសជាតិ និងការរស់នៅប្រកបដោយសុខសាន្តរបស់ប្រជាពលរដ្ឋ។
បើតាមរដ្ឋបាលស្រុកឆែប កម្លាំងចម្រុះបានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់នៅតំបន់ជុំវិញទឹកធ្លាក់ព្រះនិមិត្ត បន្ទាប់ពីមានព័ត៌មានថា អាចមានក្រុមជនបរទេស ឬជនជាតិចិន លាក់ខ្លួន និងប្រព្រឹត្តសកម្មភាពពាក់ព័ន្ធនឹងបទល្មើស Scam Online នៅក្នុងភូមិសាស្ត្រនោះ។ ទោះជាយ៉ាងណា ជាលទ្ធផលនៃការចុះស្រាវជ្រាវ និងត្រួតពិនិត្យ សមត្ថកិច្ចមិនបានរកឃើញវត្តមានជនសង្ស័យ ឬសកម្មភាពខុសច្បាប់ដូចការរាយការណ៍នោះឡើយ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែក នឹងបន្តអនុវត្តវិធានការតាមដាន ស្រាវជ្រាវ និងបង្ក្រាបបទល្មើស Scam Online ជាបន្តបន្ទាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍អនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ មិនអនុគ្រោះចំពោះជនណាដែលប្រព្រឹត្តបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។
លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបន្តចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន តាមរយៈការផ្តល់ព័ត៌មាន ឬរាយការណ៍ជាបន្ទាន់ នៅពេលប្រទះឃើញសកម្មភាពគួរឲ្យសង្ស័យ ឬមុខសញ្ញាពាក់ព័ន្ធបទល្មើសអនឡាញ ដើម្បីឲ្យសមត្ថកិច្ចអាចចាត់វិធានការបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យ និងស្រាវជ្រាវនៅតំបន់ព្រំដែននេះ គឺជាផ្នែកមួយនៃយុទ្ធនាការរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើស Scam Online នៅទូទាំងប្រទេស ស្របតាមគោលនយោបាយពង្រឹងសន្តិសុខសង្គម ការពារសុវត្ថិភាពប្រជាពលរដ្ឋ និងថែរក្សាសណ្តាប់ធ្នាប់សាធារណៈឲ្យកាន់តែល្អប្រសើរ។



