(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋានខេត្តកំពង់ធំ។

ឯកឧត្តម វង្សី វិស្សុត​ បានលើកឡើងថា ជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជាសភាពការណ៍កើតឡើងថ្មីៗនេះ​​ គឺជាវិញ្ញាសារដែលយើងទាំងអស់គ្នាត្រូវយកមកធ្វើការឆ្លុះបញ្ចាំង​ បង្កើនការប្រឹងប្រែង​ ដើម្បីពង្រឹងខ្លួនឯងឱ្យខ្លាំងជាងមុន ល្អជាងមុន ជាពិសេសកសាងនិងពង្រឹងធនធានមនុស្ស ឱ្យក្លាយជាប្រជាជាតិមួយដែលមានប្រជាជន​ដែលខ្លាំងពូកែ អាចការពារខ្លួនឯងបាន​ មានភាពម្ចាស់ការ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យសម្បូររុងរឿងជាលំដាប់។ ទាំងអស់គ្នាក៏ត្រូវបន្តរួបរួមគ្នាជាធ្លុងមួយ ពង្រឹងសាមគ្គីភាព និងឯកភាពជាតិរឹងមាំ សំដៅរួមគិត និងចូលរួមគាំទ្រ ដើម្បីបង្កើនការផ្សារភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ។
ជាមួយគ្នា​នេះ សូមយកចិត្តទុកដាក់ជាពិសេសចំពោះពលករដែលត្រឡប់​មកពីប្រទេសថៃ ព្រមទាំងជនភៀសសឹក ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់​​​​​​​ និងសូមជួយឧបត្ថម្ភ គាំទ្រដល់ក្រុមគ្រួសារសពវីរយុទ្ធជនពលី ឱ្យបានល្អប្រសើរ​​ និងស័ក្តិសមការលះបង់ដ៏ធំធេងចំពោះជាតិនិងប្រជាជន។

ឯកឧត្តមបានគូសបញ្ជាក់ពីចក្ខុវិស័យវែងឆ្ងាយប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានគណបក្ស ថ្នាក់ដឹកនាំគណបក្ស និងការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែ​ក្លាយ​ខេត្តកំពង់ធំ ឱ្យទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល និងការគាំទ្រធ្វើឱ្យខេត្តកំពង់ធំលែងជាខេត្តទៅហួសមកហួស ទាំងគម្រោងអភិវឌ្ឍន៍ ទាំងគម្រោង​​វិនិយោគ​នានា និងទាញយកសក្ដានុពលដែលមានក្នុងខេត្តឱ្យអស់ពីលទ្ធភាព ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចខេត្តឱ្យ​កាន់​តែ​​រីកចម្រើន និងជាពិសេសដើម្បីត្រៀម​ខ្លួន​ឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ឯកឧត្តម វង្សី វិស្សុត​ បាន​ថ្លែង​ការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណបក្សនៅមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន លះបង់កម្លាំងកាយចិត្ត ធនធាន សម្ភារៈ ប្រកបដោយសហថាមពល ក្នុងស្មារតីឯកភាព សាមគ្គីភាព ជាអង្គតែមួយ ស្របតាមការដ្ឋានយុទ្ធសាស្ត្រ​ទាំងបីរបស់ក្រុមការងាររួមមាន ទី១. ការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជនពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ, ប្រាក់ចំណូល, ការងារ, ការប្រកបអាជីវកម្ម និងមុខរបរផ្សេងៗ ដោយរួមទាំងការធ្វើកសិកម្ម និងវិស័យផ្សេងទៀតក្រៅពីកសិកម្ម, ការបង្កើនគុណភាព និងប្រសិទ្ធភាព នៃសេវាសាធារណៈគ្រប់ប្រភេទ ដូចជា សេវាសន្តិសុខសណ្តាប់ធ្នាប់, សេវាយុត្តិធម៌, សេវាអប់រំ, សុខាភិបាល, រដ្ឋបាល និងសេវាពាក់ព័ន្ធអាជីវកម្ម, ធុរកិច្ច និងប្រព័ន្ធសង្គម ព្រមទាំងបន្តដោះស្រាយបញ្ហាសមធម៌ និងយុត្តិធម៌សង្គម។ ទី២. ការកសាង និងពង្រឹងគណបក្ស តាមរយៈការពង្រឹងការដឹកនាំនៅគ្រប់ថ្នាក់, ការធ្វើជាគំរូល្អ និងការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារ ទន្ទឹម​នឹង​ការជំរុញកសាងសមាជិកគណបក្សបន្ថែម ទាំងបរិមាណនិងគុណភាព។ ទី៣. ការទប់ស្កាត់រាល់ឧបាយកល​ទុច្ចរិត ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្តជូនប្រជាជន ទន្ទឹមនឹងការធ្វើការងារសាធារណៈមតិ និងប្រតិកម្មរហ័សចំពោះការញុះញង់និងការមួលបង្កាច់នានា។

ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំក៏បានផ្តល់ការណែនាំឱ្យមានការគិតគូរឡើងវិញពាក់ព័ន្ធនឹងថ្លៃជួលដីស្រែ ដោយត្រូវគិតគូរដល់ការចែករំលែកផលចំណេញផង និងបន្ទុករបស់កសិករផង។ ទន្ទឹមនេះ ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព នូវគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព, ការពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់កម្រិតនៅមូលដ្ឋាន, ការពង្រឹង និងការកសាងពង្រីកសមាជិកបក្ស តាមផែនការដែលបានដាក់ចេញ, ការគិតគូរដល់បងប្អូនដែលទើបបាន​ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ព្រមទាំងត្រូវអនុវត្តភារកិច្ច​​ផ្សេងៗទៀតតាមការ​ចាត់តាំងរបស់គណបក្សឱ្យមានប្រសិទ្ធភាព បន្តធ្វើជាគំរូល្អ ត្រូវចេះ​​កែកំហុស និងត្រូវបង្កើនការខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបនឹងតម្រូវការ និងសំណូមពររបស់ប្រជាជន ក៏ដូចសភាពការណ៍ជាក់ស្តែងចំពោះមុខ ស្របតាមឧត្តមគតិនិងបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការបម្រើប្រជាជន និងប្រទេសជាតិ។ psctvtrue