(កំពង់ធំ)÷ ថ្ងៃអាទិត្យ១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា ប្រធានគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំពពក និងឃុំប្រឡាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារមូលដ្ឋាននៅ ទីស្នាក់ការគណបក្សឃុំប្រឡាយ ដើម្បីពិនិត្យការងារកំពុងអនុវត្ត និងកំណត់ទិសដៅសម្រាប់ការរៀបចំឆ្ពោះទៅកាន់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានផ្តោតលើការជំរុញឱ្យឃុំកំណត់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍឃុំ (គម្រោងអាទិភាព)ឱ្យមានភាពច្បាស់លាស់ និងអាចអនុវត្តបានពិតប្រាកដ។ ក្រុមការងារនឹងខិតខំបំពេញបន្ថែម នូវតម្រូវការទាំងអស់ឱ្យបានគ្រប់គ្រាន់ ព្រមទាំងស្វែងរក និងកៀរគរដៃគូអភិវឌ្ឍថ្មីៗ ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍឃុំឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់ទទួលបានលទ្ធផល។

ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំផ្តល់សេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋានឃុំប្រឡាយកន្លងមក ដែលបានបំពេញភារកិច្ចដោយភាពទទួលខុសត្រូវ និងការចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រជាពលរដ្ឋ។ ឯកឧត្តមបានលើកឡើងថា ការងារដែលកំពុងអនុវត្តដោយអាជ្ញាធរមូលដ្ឋាន គឺជាមូលដ្ឋានសំខាន់ក្នុងការកសាងទំនុកចិត្តរបស់ប្រជាជន និងជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍឃុំឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនេះ ឯកឧត្តម ចាន់ យុត្ថា បានពាំនាំ និងជំរុញអនុវត្ត នូវអនុសាសន៍របស់ ឯកឧត្តម ថោ ជេដ្ឋា ប្រធានគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្ទោង ស្តីពីចលនា «ផ្ទះស្អាត បរិស្ថានស្អាត» ដើម្បីលើកកម្ពស់អនាម័យ និងបរិស្ថានសហគមន៍ ។

ក្រៅពីការពិភាក្សាការងារមូលដ្ឋាន ក្រុមការងារបានធ្វើ ការបរិច្ចាគទឹកប្រាក់ចំនួន ២,៥០០ ដុល្លារ ដល់វិទ្យាល័យ ជា ស៉ីម ប្រឡាយ សម្រាប់ការជួសជុល និងស្តារឡើងវិញនូវ ទីលានបាល់ទាត់ ដែលជាកន្លែងសំខាន់សម្រាប់សកម្មភាពកីឡារបស់សិស្ស។ ការគាំទ្រនេះត្រូវបានចាត់ទុកថាជាការចូលរួមសកម្មក្នុងការអភិវឌ្ឍសហគមន៍ និងលើកកម្ពស់កីឡាក្នុងសាលារៀន ។ by psctvtrue