ក្រោមបរិយាកាសពោរពេញដោយស្មារតីមនុស្សធម៌ និងការចូលរួមយ៉ាងផុសផុលពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងភាគីពាក់ព័ន្ធនានា សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរ ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដើម្បីបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក សំដៅរួមចំណែកលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែចូលរួមឧបត្ថម្ភថវិកា សម្ភារៈ និងធនធាននានា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌នៅក្នុងខេត្ត។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា ការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជនទាំងអស់ គឺជាកម្លាំងចលករដ៏សំខាន់ ដែលបានជួយឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ មានលទ្ធភាពបន្តបេសកកម្មមនុស្សធម៌បានយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសក្នុងការចុះជួយសង្គ្រោះ និងផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជនងាយរងគ្រោះ ក៏ដូចជាគ្រួសារទីទ័លក្រក្នុងមូលដ្ឋាន ស្របតាមគោលការណ៍មនុស្សធម៌ និងប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវដល់គ្រប់ស្ថាប័ន អង្គភាព វិស័យឯកជន និងសប្បុរសជនទាំងអស់ បន្តរួមសហការគ្នា ក្នុងស្មារតីសាមគ្គីភាព និងការចែករំលែក ដើម្បីឱ្យចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា កាន់តែរឹងមាំ និងអាចឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។

ពិធីអបអរសាទរនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងពោរពេញដោយស្មារតីមនុស្សធម៌ ដោយបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន ក្នុងការរួមចំណែកលើកកម្ពស់ការងារមនុស្សធម៌ និងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ឱ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយបន្ថែមទៀត។by psctvtrue