(កំពង់ធំ)÷ រដ្ឋបាលខេត្តកំពង់ធំបានបើកកិច្ចប្រជុំស្តីពី ផ្សព្វផ្សាយសេចក្តីណែនាំ ការរៀបចំ និងកសាងកម្មវិធីវិនិយោគ​បីឆ្នាំរំកិលខេត្ត (ឆ្នាំ ២០២៦-២០២៨) ក្រោមអធិបតីភាព លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី វេត អភិបាលរងខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន មន្ទីរ អង្គភាពនានា ដែល​បាន​ចូលរួម​កិច្ចប្រជុំ ក្នុងគោលបំណង ទទួលបាន​ការណែនាំ​បច្ចេកទេស ឱ្យបានច្បាស់លាស់ ជាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលរងខេត្ត បានជម្រាបថា ការរៀបចំកម្មវិធីវិនិយោគ​បីឆ្នាំនេះ ជាផ្នែកសំខាន់នៃផែនការ​អភិវឌ្ឍន៍ ឬសកម្មភាព​ជាក់ស្តែង និងពេលវេលាច្បាស់លាស់ សំដៅ​លើការលើក​កម្ពស់​ការផ្តល់​សេវាសាធារណៈ និងកិច្ចអភិវឌ្ឍ​នៅក្នុងខេត្តសម្រាប់​​រយៈពេល​បីឆ្នាំព្រម​ទាំងធ្វើ​បច្ចុប្បន្នភាពជា​រៀង​រាល់​​ឆ្នាំស្របតាម​ក្របខណ្ឌ​ចំណាយរយៈពេលមធ្យម (MTEF) របស់រដ្ឋបាលខេត្ត។

ឯកឧត្តម បន្តទៀតថា ដោយផ្អែកលើលទ្ធផលការងារ ដែលក្រុម​ការងារកសាងផែនការខេត្តបានខិតខំប្រមូលធាតុចូលតាមបណ្តាមន្ទីរ អង្គភាព ក្រុង ស្រុក និងបានធ្វើការបូកសរុប​តម្រូវ​តាម​គម្រោង​សកម្មភាពជាអាទិភាពទូទាំងខេត្ត។បន្ទាប់ពី​កិច្ចប្រជុំ​សាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត បានអនុម័ត​សេចក្តី​ណែនាំ​​ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគ​បីឆ្នាំ​រំកិល​ខេត្ត​​ក្នុងឆ្នាំ២០២៦-២០២៨ កន្លងទៅថ្មីៗនេះ ជាពេលវេលា​សម​ស្រប​ដែលក្រុមការងារត្រូវបន្តដំណើរការទៅតាមជំហានគឺ “ការបញ្ចប់ជំហានទី១ និងការចាប់ផ្តើមសកម្មភាពទី១ នៃជំហានទី២៖ រៀបចំសេចក្តីព្រាងកម្មវិធី​វិនិយោគ​បីឆ្នាំរំកិល”។

ក្នុងឱកាសនោះ ឯកឧត្តម អំពាវនាវដល់ស្ថាប័នពាក់ពន្ធ័ទាំងអស់ បង្កើនការទទួលខុសត្រូវ យកចិត្តទុកដាក់ និងអនុវត្តតាមការ​ណែនាំ​របស់ក្រុមការងារកសាងផែនការ ដើម្បីធានាថាការរៀបចំ​កម្មវិធីវិនិ​យោគនេះសម្រេចបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

Psctvtrue