ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានឡើងធ្វើបទអន្តរាគមន៍ស្តីពីលទ្ធផលនៃការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបាន​លើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាពឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ត្រី ពេជ ថាល់ ស្នងការរងនគរបាលខេត្ត ប្រធានក្រុមការងារលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ និងការការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសធម្មជាតិ ដែលគណៈបញ្ជាការឯករដ្ឋបាលគ្រប់ជាន់ថ្នាក់ សហការជាមួយកងកម្លំាងប្រដាប់អាវុធទាំងបី រួមគ្នាសម្រេចបានលទ្ឋផលល្អប្រសេីរគួរជាទីមោទនៈ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានឡើងធ្វើបទអន្តរាគមន៍ ដោយបានគូសបញ្ជាក់អំពីបទល្មើសព្រៃឈើមានការថយចុះគួរឲ្យកត់សម្គាល់ តែក៏នៅមានការកើតឡើង ដោយជនល្មើសមួយចំនួនតូចនៅតែលួចកាប់ទន្ទ្រានព្រៃឈើ យកដីធ្វើកម្មសិទ្ធិ តាមរបៀបពង្រីកក្បាលចំការ នៅក្នុងដីព្រៃឈើសហគមន៍ ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃ​ឈើ​ និងតំបន់ដាច់ស្រយ៉ាល​មួយ​ចំនួន​ដែល​គ្រប់​គ្រង​ដោយ​ ស្ថាប័ន​បរិស្ថាន​ ។ តែ​ត្រូវ​បាន​កងកម្លាំង​ចម្រុះ​បង្ក្រាប​បាន​ និង​មួយ​ផ្នែក​ទៀត​កំពុង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជាធរមាន​ ។

នៅ​ក្នុង​ឱកាស​នេះ​ដែត​ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៍បានលើកឡើងអំពីលទ្ធផលជោគជ័យនៃការបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់បឹងទន្លេសាប ពិសេសក្នុងពេលថ្មីៗនេះ កម្លាំងចម្រុះ ដែលមានកងទ័ពធ្វើជាស្នូល បាន​ និង​កំពុង​ការពារតំបន់ឡូអភិរក្សពូជត្រី ទាំង​យប់​ទាំង​ថ្ងៃ​ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងតំបន់អភិរក្សពូជត្រី នៅតំបន់បាឡត និងតំបន់ទន្លេឆ្មារ​នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់​ធំ​ ដើម្បីរក្សាពូជត្រីសម្រាប់ពងកូន នៅរដូវវស្សាខាងមុខនេះ ឲ្យ​មាន​ការ​សំបូរ​ឡើង​វិញ​ សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​របស់​សង្គម​ជាតិ​ និង​ប្រជាជន​កម្ពុជា​ ។

ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត​ ស្រុក​ ក្រុង​ រួមជាមួយកងកម្លំាងប្រដាប់អាវុធទាំងបី បណ្ដាមន្ទីរស្ថាប័នអង្គភាព និងអាជ្ញាធរដែនដី ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម បាន​ល្អ​ ពិសេសក្នុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ ។ ឯកឧត្ដម នួន ផារ័ត្ន ក៍បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលកន្លងទៅទទួលបានលទ្ធផលល្អប្រសើរ ។

ឯកឧត្ដម នួន ផារ័ត្ន បានប្រគល់ភារកិច្ចដល់កងកម្លំាងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាព ស្ថាប័ននានា និងថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្រុក ក្រុង ត្រូវបន្តយកចិត្តទុកដាក់បង្ក្រាបឲ្យបាន មិនឲ្យមានការកើតឡើងជាដាច់ខាត នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ហើយត្រូវបន្តអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងត្រូវបន្តសកម្មភាពដោយយកចិត្តទុកដាក់ក្នុងការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យ​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​ ជាមួយ​នោះ​ដែរ​ ត្រូវ​ការ​ពារ​គ្រប់គ្រង​ឲ្យបាន​ដាច់ខាត​ផ្ទៃដី​ ស្ថិត​នៅ​ក្នុង​តំបន់​ ពីរ​ និង​តំបន់​បី​ ក្នុង​ភូមិ​សាស្ត្រ​ ក្រុង​ ស្រុក​ ទាំង​ ៦​ មិន​ឲ្យ​មាន​បទរំលោភយកណាមួយកើតមានឡើយ។by psctvtrue