ខេត្តកំពង់ធំ៖ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវបណ្ឌិត​ ពេជ ​ចន្ទ​មុន្នី​ ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាម និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា៖ ជានិច្ចកាល គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន​កម្ពុជា ខេត្តកំពង់ធំ តែងតែផ្សារភ្ជាប់ពីសុខទុក្ខ និងជីវភាពរស់នៅជាមួយបងប្អូនអតីតយុទ្ធជន នៅគ្រប់ទីកន្លែង ដោយបានជួយដោះស្រាយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជួយសម្រាលនូវការលំបាកខ្វះខាតជូនដល់ក្រុមគ្រួសារអតីតយុទ្ធជននៅតាមមូលដ្ឋាននានា នៅក្នុងខេត្តកំពង់ធំ ។ ជាមួយនោះដែរ ក៏បានស្រាវជ្រាវរកក្រុមគ្រួសារអតីតយុទ្ធជន ដែលមានគុណបំណាចចំពោះជាតិ និង​មាតុ​ភូមិ​ ហើយ​មាន​ជីវភាព​លំបាក​ខ្វះខាត​ គ្មានដី គ្មានផ្ទះ រស់នៅលើដីសាធារណៈ  ឬមានដីហើយតែមានជម្រកស្នាក់នៅមិនសមរម្យ ដើម្បីស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីសាងសង់ផ្ទះ និងផ្ដល់ដីសម្បទានសង្គមកិច្ចជូនក្រុមគ្រួសារអតីតយុទ្ធជន បានចំនួន ៤៩២ខ្នងផ្ទះ រួចមកហើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា៖ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលនឹងឈានមកដល់នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ  និងអនុវត្តតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកខ្វះខាតជូនក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តជន ឲ្យបានល្អប្រសើរ ។ ជាក់ស្ដែងនៅថ្ងៃនេះ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ  តំណាង​ឯកឧត្ដម​ នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ ប្រធាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា ខេត្ត​ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជនពិការដោយសារសង្គ្រាម និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅភូមិព្រៃព្រាល ក  និងនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយបាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគាត់ផងដែរ។by psctvtrue