ខេត្តព្រះវិហារ:ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា រួមជាមួយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីការគាំទ្រដល់ជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងខេត្តព្រះវិហារ ដោយផ្តោតលើការលើកកម្ពស់ជីវភាពតាមរយៈកម្មវិធីចិញ្ចឹមមាន់ស្រែ និងការបង្ហាញអំពីទស្សនទានសហគមន៍កសិកម្មទំនើប។
ពិធីនេះត្រូវបានរៀបចំឡើងនៅទីតាំងជម្រកបណ្តោះអាសន្ន ស្ថិតក្នុងភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងបងប្អូនជនភៀសសឹកជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមទាំងពីរ បានលើកឡើងអំពីសារៈសំខាន់នៃការគាំទ្រផ្នែកកសិកម្ម ដើម្បីជួយដល់បងប្អូនជនភៀសសឹកឱ្យមានមុខរបរ និងប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ កម្មវិធីចិញ្ចឹមមាន់ស្រែ ត្រូវបានចាត់ទុកថា ជាមុខរបរដែលអាចអនុវត្តបានងាយ សមស្របនឹងស្ថានភាពរស់នៅ និងអាចបង្កើនសេដ្ឋកិច្ចគ្រួសារបានក្នុងរយៈពេលខ្លី។
ជាមួយគ្នានេះ ក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយអំពីគោលគំនិត “សហគមន៍កសិកម្មទំនើប” ដែលមានគោលបំណងជំរុញឱ្យប្រជាកសិករចូលរួមផលិតជាក្រុម ប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើប បង្កើនគុណភាពផលិតកម្ម និងពង្រីកទីផ្សារកសិផលឱ្យកាន់តែមានប្រសិទ្ធភាព។
ការចុះជួបសំណេះសំណាល និងការផ្តល់ការគាំទ្រនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ក្នុងការជួយសម្រាលការលំបាករបស់បងប្អូនជនភៀសសឹក ព្រមទាំងជំរុញឱ្យពួកគាត់មានឱកាសស្តារជីវភាព និងបង្កើតអនាគតកាន់តែប្រសើរឡើងតាមរយៈវិស័យកសិកម្ម។
អត្ថបទដោយ:(លោក ប៉ុញ ចាន់ថន)







