ខេត្តសៀមរាប÷ ដោយបានការព្រមព្រៀងពីព្រះមេគណខេត្តសៀមរាប និង ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមគ្រប់ក្រុងស្រុកព្រះគ្រូចៅអធិការវត្ត និងគណៈកម្មការអាចារ្យវត្តទាំង៧ក្នុងក្រុងសៀមរាបបានប្រគេនព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់ គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន ព្រមទាំងលោកអាចារ្យ គណៈកម្មការវត្តជាអ្នកទទួលផ្តួចផ្តើមនិងបានរៀបចំប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីរកថវិកាមកទ្រទ្រង់ កិច្ចការងារនានាក្នុងពុទ្ធិកវិទ្យាល័យរាជបូណ៌នារសៀលថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២៥នេះនៅឧបដ្ឋានសាលាវត្តព្រះព្រហ្មរ័ត្ន។


ព្រះសាសនសត្ថា តង់ តន បានមានថេរដីកាថាវត្តអារាម បានដើរតួនាទីជំរុញបណ្តុះសីលធម៌ គុណធម៌ ហើយវត្តអារាម បានក្លាយទៅជាទីកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស ឲ្យមានចំណេះដឹងគ្រប់បែបយ៉ាង និងជាឃ្លាំងសម្រាប់រក្សាទុកនូវ មតិកវប្បធម៌ ប្រពៃណី ចំណេះដឹងដ៏សំបូរបែប ដែលផ្តល់គុណតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវមិនចេះរីងស្ងួតឡើយ ដោយក្នុងនោះដែរវត្តអារាម គឺជាទីកន្លែងដ៏ទូលាយក្នុងការបញ្ជ្រាប និងថែរក្សាអត្តសញ្ញាណ ព្រលឹងជាតិ ដ៏សំខាន់តាំងតែពីបរមបុរាណដរាបរៀងមក ហើយតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន កាលនេះ វត្តអារាមជួយផ្តល់កន្លែងស្នាក់នៅ បួសរៀនសូត្រចំណេះដឹងទូទៅដល់អ្នក ដែលមានការខ្វះខាត។ ក្នុងនាម ព្រះបាឡាត់គណខេត្តទទួលបន្ទុកនិងត្រួតពិនិត្យសាលាធម្មវិន័យ និងសាលាពុទ្ធិកសិក្សាគ្រូ និងសមណសិស្ស ព្រះសាសនសត្ថា តង់ តន មានថេរដីកាថាដើម្បីធ្វើការដោះស្រាយបញ្ហាហិរញ្ញវត្ថុ កិច្ចការងាររដ្ឋបាលក្នុងពុទ្ធិកវិទ្យា- ល័យរាជបូណ៌ ដែលកំពុងជួបប្រទះមួយចំនួន មានដូចជា ៖ការចំណាយ ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ បម្រើសេវាបង្រៀនប្រចាំខែដោយ ហេតុថាសាលាមិនមានគ្រូក្របខណ្ឌច្រើន ដើម្បីឱ្យកម្មវិធីសិក្សាប្រកបដោយវឌ្ឍនភាព គុណភាពរឹងមាំ គណៈគ្របគ្រងបានស្នើសុំអញ្ជើញគ្រូមកពីបណ្ដាសាលាចំណេះទូទៅផ្នែកអាណាចក្រក្នុងខេត្តសៀមរាប ហើយជួយជាសេវាបង្ហាត់បង្រៀនតាមឯកទេសរៀងៗខ្លួនដោយផ្ដល់ជាថវិកាបន្ថែមលើប្រាក់ម៉ោងរដ្ឋ ។
