ខេត្តកំពង់ធំ៖ ស្ថានីយផលិតទឹកស្អាតសហគមន៍មួយកន្លែង ស្ថិតនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ រួមចំណែកលើកកម្ពស់សុខភាពសាធារណៈ កាត់បន្ថយជំងឺដែលបណ្តាលមកពីការប្រើប្រាស់ទឹកមិនមានអនាម័យ និងជំរុញការអភិវឌ្ឍសហគមន៍ជនបទឱ្យកាន់តែប្រសើរឡើង។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ ប្រធានក្រុមការងារគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន និងជាអនុប្រធានអាជ្ញាធរបឹងទន្លេសាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ, ឯកឧត្តម អ៊ុក គឹមសាន្ អភិបាលវងខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងអង្គការដៃគូអភិវឌ្ឍន៍ អង្គការម្ចាស់ជំនួយ និងប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលនៃគណៈអភិបាលស្រុកសណ្ដាន់ បានអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍អំពីដំណើរការអនុវត្តគម្រោង ដោយបានបញ្ជាក់ថា ស្ថានីយផលិតទឹកស្អាតនេះ គឺជាសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ដែលនឹងជួយដោះស្រាយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
លោកអភិបាលស្រុកបានគូសបញ្ជាក់ថា ទឹកស្អាតគឺជាតម្រូវការចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងជាកត្តាសំខាន់ក្នុងការលើកកម្ពស់សុខភាព អនាម័យ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់ការគាំទ្រទាំងថវិកា និងបច្ចេកទេស រហូតសម្រេចបានសមិទ្ធផលដ៏មានតម្លៃនេះ។
បន្ទាប់មក តំណាងអង្គការម្ចាស់ជំនួយបារាំង រួមមានអង្គការ SIVOM, អង្គការ HAMAP Humanitaire និងភ្នាក់ងារទឹកបារាំង បានថ្លែងមតិលើកឡើង បង្ហាញនូវក្តីសោមនស្សរីករាយចំពោះលទ្ធផលជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងអស់។ តំណាងម្ចាស់ជំនួយបានលើកឡើងថា ការគាំទ្រគម្រោងនេះ គឺស្របតាមគោលដៅរួមក្នុងការជំរុញឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទទទួលបានសេវាទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យទឹកស្អាត និងអនាម័យជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្ត ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ និង ឯកឧត្តម អ៊ុកគឹមសាន្ អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងម្ចាស់ជំនួយ ដែលបានរួមចំណែកបង្កើតសមិទ្ធផលដ៏មានអត្ថន័យនេះសម្រាប់ប្រជាពលរដ្ឋ។ អភិបាលរង ខេត្តទាំងពីរ បានលើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ មិនត្រឹមតែជាការលើកកម្ពស់សុខភាព និងសុខុមាលភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ជនបទផងដែរ។ ជាមួយគ្នានេះ អភិបាលរងខេត្ត កំពង់ធំនិងព្រះវិហារ ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗចំនួន ៥ ចំណុច ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការគ្រប់គ្រង និងប្រើប្រាស់ស្ថានីយទឹកស្អាតនេះ រួមមាន ការពង្រឹងកិច្ចសហការរវាងអាជ្ញាធរ និងគណៈកម្មការគ្រប់គ្រងស្ថានីយ ការបង្កើនសមត្ថភាពគ្រប់គ្រង និងផ្គត់ផ្គង់ទឹក ការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាត និងបង់ថ្លៃសេវាទៀងទាត់ ការធានាអភិបាលកិច្ចល្អក្នុងការគ្រប់គ្រងស្ថានីយ និងការបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពង្រីកគម្រោងទៅកាន់តំបន់ផ្សេងៗទៀត។
មានប្រសាសន៍សំណេះសំណាងក្នុងកម្មវិធី នេះ ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ បានមានប្រសាសន៍ កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមសហការគ្នាយ៉ាងស្អិតរមួតរហូតសម្រេចបានស្ថានីយផលិតទឹកស្អាតសហគមន៍ដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលនេះគឺជាការឆ្លុះបញ្ចាំងពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ មានប្រសាសន៍ផ្ដាំផ្ញើ ឱ្យអាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងស្ថានីយ និងប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សា ការពារ និងប្រើប្រាស់សមិទ្ធផលនេះឱ្យមានប្រសិទ្ធភាព និងស្ថិតស្ថេរយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍ដល់សហគមន៍ និងកូនចៅជំនាន់ក្រោយ។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានប្រកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវស្ថានីយផលិតទឹកស្អាតឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ចាប់ពីពេលនោះតទៅ ។































