កំពង់ធំ៖ ក្រោយពីមានការផ្សព្វផ្សាយ និងអំពាវនាវសុំការចូលរួមពីសប្បុរសជនជុំវិញករណីអតីតយុទ្ធជនពីរបងប្អូនបង្កើត គឺលោកពូ នៅ អួក និងលោកពូ នៅ ម៉ាច ដែលកំពុងរស់នៅក្នុងស្ថានភាពលំបាកខ្វះខាតយ៉ាងខ្លាំងនៅភូមិស្លាកែត សង្កាត់ ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នោះ មានទឹកចិត្តសប្បុរសធម៌ពីសង្គម ជួយសម្រាលទុក្ខលំបាកខ្លះហើយ។

នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ុញ ចាន់ថន និងក្រុមការងារ ដោយមានការចូលរួមសហការពីសប្បុរសជនក្នុងអាហារដ្ឋាន សីហា និងអាហារដ្ឋានម៉ាក់ហ័រក្នុងសង្កាត់ព្រៃតៅហ៊ូ ព្រមទាំងលោកស្រីមេភូមិស្លាកែត បាននាំយកអំណោយជាស្បៀង គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ១៥ម៉ឺនរៀល ទៅប្រគល់ជូនលោកពូទាំងពីរដល់លំនៅឋានផ្ទាល់ ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ។

ក្នុងឱកាសនោះ តំណាងក្រុមការងារបានសម្តែងនូវក្តីអាណិតអាសូរ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះជីវភាពរបស់អតីតយុទ្ធជនទាំងពីររូប បច្ចុប្បន្នកំពុងរស់នៅក្នុងស្ថានភាពខ្វះខាត និងប្រឈមនឹងបញ្ហាជីវភាពជាច្រើន។ ក្រុមការងារបានបញ្ជាក់ថា ការផ្តល់ជំនួយនេះ គឺកើតចេញពីការរួបរួមសទ្ធាជ្រះថ្លារបស់សប្បុរសជននានា ដែលមានបំណងចង់ចែករំលែកក្តីស្រឡាញ់ និងសម្រាលការលំបាកជូនអ្នកដែលកំពុងត្រូវការជំនួយពិតប្រាកដ។

ជាមួយគ្នានេះ ក្រុមការងារក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់អំណោយ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមគាំទ្រតាមលទ្ធភាពរៀងៗខ្លួន ដោយបានបង្ហាញនូវស្មារតីសាមគ្គីភាព និងមនុស្សធម៌ដ៏ប្រពៃរបស់សង្គមខ្មែរ។

ដោយឡែក លោកស្រីមេភូមិស្លាកែត បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារ និងសប្បុរសជនទាំងអស់ ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់គ្រួសារដែលកំពុងជួបការលំបាក។ លោកស្រីបានលើកឡើងថា ទោះបីអំណោយទាំងនេះមិនមែនជាចំនួនធំក៏ដោយ ប៉ុន្តែវាមានតម្លៃខ្លាំងណាស់សម្រាប់គ្រួសារដែលកំពុងខ្វះខាត ហើយអាចជួយសម្រាលបន្ទុកជីវភាពបានមួយរយៈពេល។

លោកស្រីមេភូមិក៏បានបញ្ជាក់ផងដែរថា អាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់ និងតាមដានស្ថានភាពរស់នៅរបស់ពួកគាត់ជាប្រចាំ ប៉ុន្តែដោយសារជីវភាពរបស់គ្រួសារនេះមានការលំបាកខ្លាំង ទើបនៅតែត្រូវការការគាំទ្របន្ថែមពីសប្បុរសជន និងសង្គមទាំងមូល។

សូមរំលឹកថា លោកពូ នៅ អួក និងលោកពូ នៅ ម៉ាច ជាបងប្អូនបង្កើត និងធ្លាប់បម្រើក្នុងជួរកងទ័ព។ ម្នាក់មានជំងឺសរសៃប្រសាទ និងវ័យចាស់ជរា មិនអាចប្រកបការងារបានទៀត ខណៈម្នាក់ទៀតពិការភ្នែកទាំងសងខាង ដោយសាររបួសក្នុងសមរភូមិ។ បច្ចុប្បន្ន ពួកគាត់រស់នៅដោយគ្មានផ្ទះសម្បែង និងដីធ្លីផ្ទាល់ខ្លួន ត្រូវជួលដីគេរស់នៅក្នុងខ្ទមតូចមួយ និងប្រឈមនឹងការខ្វះខាតស្បៀងអាហារ និងថវិកាសម្រាប់ជីវភាពប្រចាំថ្ងៃ។