ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី CATALYST LEADERSHIP BOOT CAMP 2026 ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ បច្ចេកវិទ្យា និងសហគ្រិនភាព» ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ វាគ្មិនជាតិ-អន្តរជាតិ ព្រមទាំងយុវជន និងសិក្ខាកាមជាច្រើនរូប។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពយុវជនកម្ពុជា ឱ្យក្លាយជាអ្នកដឹកនាំជំនាន់ថ្មីដែលមានសក្តានុពល ចក្ខុវិស័យ និងសមត្ថភាពច្នៃប្រឌិត ស្របតាមការវិវត្តរីកចម្រើននៃបច្ចេកវិទ្យា និងបរិបទសេដ្ឋកិច្ចឌីជីថលនាពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានថ្លែងថា យុវជនគឺជាកម្លាំងស្នូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ហើយការលើកកម្ពស់សមត្ថភាពលើវិស័យភាពជាអ្នកដឹកនាំ បច្ចេកវិទ្យា និងសហគ្រិនភាព គឺជាកត្តាចាំបាច់ក្នុងការត្រៀមខ្លួនឱ្យស្របទៅនឹងតម្រូវការនៃទីផ្សារការងារ និងការប្រកួតប្រជែងក្នុងសម័យឌីជីថល។

ឯកឧត្តមបានបន្តទៀតថា វេទិកា CATALYST LEADERSHIP BOOT CAMP 2026 មិនត្រឹមតែជាកន្លែងចែករំលែកចំណេះដឹង និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណុចប្រសព្វរវាងបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព ដែលផ្តល់ឱកាសដល់យុវជនក្នុងការបង្កើនសមត្ថភាពគិតវិភាគ ការងារជាក្រុម ការដោះស្រាយបញ្ហា និងការច្នៃប្រឌិត ដើម្បីអាចក្លាយជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមជាតិ។

ក្រៅពីការធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ពីសំណាក់ឯកឧត្តមគណៈអធិបតី សិក្ខាកាមក៏នឹងទទួលបានចំណេះដឹងថ្មីៗពីវាគ្មិនជំនាញលំដាប់អន្តរជាតិ ព្រមទាំងមានឱកាសចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Business Pitch Competition ដើម្បីបង្ហាញគំនិតអាជីវកម្ម និងសមត្ថភាពសហគ្រិនភាពរបស់ខ្លួន ក្នុងការដណ្តើមយករង្វាន់ និងបទពិសោធន៍ជាក់ស្តែងផងដែរ។

តាមរយៈកម្មវិធីនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមត្ថភាពយុវជនកម្ពុជា ឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយចំណេះដឹង គុណធម៌ និងភាពច្នៃប្រឌិត ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងទំនើបកម្មនាពេលអនាគត។by psctvtrue