កំពង់ធំ៖ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំងការពារបូរណភាពទឹកដី និងគ្រួសារដែលមានគុណបំណាច់ក្នុងបុព្វហេតុការពារមាតុភូមិ សន្តិភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ រដ្ឋបាលឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ថ្មីៗនេះ បានបន្តចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ប្រគល់ជូនគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ។
សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងក្រោមការដឹកនាំរបស់លោក ហ៊ុយ គឹមលី មេឃុំឈូក ដោយបាននាំយកអំណោយទៅប្រគល់ជូនគ្រួសារកងទ័ពចំនួន៣គ្រួសារ រួមមាន៖
១- លោកស្រី សែម ចន្ថា
២- លោក សាន ផានីត
៣- លោក សាន ផាន់នី
ក្នុងការឧបត្ថម្ភនីមួយៗ រដ្ឋបាលឃុំបានផ្តល់ជូនអង្ករ ២០គីឡូក្រាម ថវិកា ១០ម៉ឺនរៀល ទឹកត្រី ១យួរ ទឹកស្អីវ ១យួរ និងមី ១កេស ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារ ខណៈសមាជិកគ្រួសាររបស់ពួកគាត់កំពុងបំពេញភារកិច្ចការពារទឹកដីនៅតំបន់ជួរមុខ។
លោក ហ៊ុយ គឹមលី មេឃុំឈូក បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់គិតគូរ សួរសុខទុក្ខ និងផ្តល់ការគាំទ្រដល់គ្រួសារកងទ័ពជាប្រចាំ ព្រោះកងកម្លាំងទាំងនោះបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញបេសកកម្មការពារបូរណភាពទឹកដី និងរក្សាសុខសន្តិភាពជូនប្រទេសជាតិ។
លោកមេឃុំបានបញ្ជាក់បន្ថែមថា កន្លងមក រដ្ឋបាលឃុំឈូក បានចុះជួយឧបត្ថម្ភគ្រួសារកងទ័ពជួរមុខចំនួន ៣០គ្រួសារ និងបានផ្តល់ស្បៀងអាហារជួយដល់គ្រួសារភៀសសឹកចំនួន ៦០គ្រួសារ ដែលបានជួបការលំបាកខ្វះទីជម្រក និងជីវភាពរស់នៅ។
ជាមួយគ្នានេះដែរ អាជ្ញាធរឃុំ ក៏បានយកចិត្តទុកដាក់ចំពោះគ្រួសារភៀសសឹកមួយចំនួនដែលបានភៀសខ្លួនមកសុំស្នាក់នៅក្នុងភូមិអន្លង់ស្លែង ដោយសារពុំមានគោលដៅច្បាស់លាស់ និងកំពុងជួបការខ្វះខាត។ អាជ្ញាធរមូលដ្ឋានបានសម្របសម្រួលផ្តល់ទីស្នាក់នៅបណ្តោះអាសន្ន ព្រមទាំងផ្តល់ស្បៀងអាហារ និងការគាំទ្រផ្សេងៗ ដើម្បីឱ្យពួកគាត់អាចរស់នៅបានសមរម្យ និងមានភាពកក់ក្តៅក្នុងសហគមន៍។
សកម្មភាពនេះ បានឆ្លុះបញ្ចាំងពីទឹកចិត្តសាមគ្គី ការយកចិត្តទុកដាក់ និងការរួមចំណែករបស់អាជ្ញាធរមូលដ្ឋាន ក្នុងការគាំទ្រកងកម្លាំងការពារជាតិ និងប្រជាពលរដ្ឋរងគ្រោះ ស្របតាមគោលនយោបាយមនុស្សធម៌ និងការលើកកម្ពស់សុខុមាលភាពសង្គមនៅមូលដ្ឋាន។




